គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រៀម​ខ្លួនជា​ស្រេច បង្ការទប់ស្កាត់ ដោះស្រាយបញ្ហា បំបែកការប្រមូលផ្តុំ រាល់​បាតុភាពបង្កអសន្តិសុខទូទាំងខេត្ត - Meas Sara News

Breaking

Monday, January 13, 2020

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រៀម​ខ្លួនជា​ស្រេច បង្ការទប់ស្កាត់ ដោះស្រាយបញ្ហា បំបែកការប្រមូលផ្តុំ រាល់​បាតុភាពបង្កអសន្តិសុខទូទាំងខេត្ត

ខេត្តត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈ​អភិបាល​ខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បី​ក្តាប់​សភាពការណ៍ ពង្រឹងបង្ការទប់ស្កាត់បំបែក រាល់បាតុ​ភាពបង្កអសន្តិសុខផ្សេងៗក្នុងមូលដ្ឋាន និងធានាឲ្យ​បាននូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងមូល។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ គណ:អភិបាលខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការសាលាខេត្ត ស្ថាប័នតុលាការ កងកំលាំងប្រដាប់អាវុធទាំង០៣ប្រភេទ អភិបាលក្រុងស្រុក ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក កងកម្លាំង និងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងរួមសហការគ្នា ថែរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្តថ្លែងបញ្ជាក់ថា ជាពិសេសត្រូវសំរេចរាល់ភារកិច្ចដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក បានដាក់បញ្ជារចេញទៅ ដែលជាការអនុវត្តន៍តាមគោលការ ផែនការ ការតព្វកិច្ច ភារកិច្ច តាមគោលដៅរៀងខ្លួន គឺដាច់ខាតត្រូវធ្វើឲ្យខានតែបាន ពោលគឺការពារប្រសើរជាងព្យាបាល ដែលស្របទៅនឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ។

បន្ថែមលើសពីនេះ កងកំលាំងមានសមត្ថកិច្ចទាំងអស់ ដែលស្ថិតក្រោមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្រុងស្រុក ត្រូវត្រៀមខ្លួនឲ្យបានរួចរាល់គ្រប់ពេលវេលា ធានាឲ្យបាននូវស្ថេរភាព សុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ
បង្ការទប់ស្កាត់ ដោះស្រាយបញ្ហា បំបែកការប្រមូលផ្តុំ រាល់បាតុភាពបង្កអសន្តិសុខទូទាំងខេត្តទាំងអស់ឲ្យមានប្រសិទ្ធភាព ដោយប្រើប្រាស់វិធានការសរុប កម្លាំងសរុប និងមធ្យោបាយសរុប៕






No comments:

Post a Comment

Pages