លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ចុះពិនិត្យចំណីអាហារនៅសាលាវិទ្យាល័យហ៊ុន សែនប្រសូតិ និងអនុវិទ្យាល័យខ្ជាយស្រុកស្វាយទាបប តេស្តរកសារធាតុគីមីក្រោយមានសិស្សានុសិស្សចំនួន១០នាក់បានសន្លប់ថប់ដង្ហើម - Meas Sara News

Breaking

Wednesday, February 5, 2020

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ចុះពិនិត្យចំណីអាហារនៅសាលាវិទ្យាល័យហ៊ុន សែនប្រសូតិ និងអនុវិទ្យាល័យខ្ជាយស្រុកស្វាយទាបប តេស្តរកសារធាតុគីមីក្រោយមានសិស្សានុសិស្សចំនួន១០នាក់បានសន្លប់ថប់ដង្ហើម

ខេត្តស្វាយរៀង៖ កាលពីព្រឹកថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងលោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត ចុះពិនិត្យចំណីអាហារនៅសាលាវិទ្យាល័យហ៊ុន សែនប្រសូតិ និងអនុវិទ្យាល័យខ្ជាយស្រុកស្វាយទាប ខេត្តស្វាយរៀង ដើម្បីធ្វើតេស្តរកសារធាតុគីមីក្រោយមានសិស្សានុសិស្ស ចំនួន១០នាក់ បានសន្លប់ថប់ដង្ហើមកាលពីពេលថ្មីៗកន្លងទៅនេះ។

លោក ផឹង និល បានថ្លែងឲ្យដឹងថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញបានធ្វើមុខទំនិញចំនួន៣២មុខ ក្នុងនោះបានរកឃើញទំនិញមានសារធាតុគីមី ហាមឃាត់ នៅក្នុងបង្អែមលតអង្ក មានសារធាតុគីមី (Borax) និងនំបង្អែមការចាក់ចន្ទ័ មានសារធាតុគីមី (Borax) ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកមករក្សាទុក ដើម្បីធ្វើការកម្ទេចចោល នៅពេលក្រោយ និងបានណែនាំឲ្យអ្នកលក់បញ្ឈប់លក់មុខទំនិញទាំងពីរមុខនេះ ព្រោះវាបានប៉ះពាល់ដល់ក្រពះ ពោះវៀនយ៉ាងធ្ងន់ធ្ងរ ខណៈដែលសិស្សានុសិស្សបានបរិភោគ។

លោក ផឹង និល បានអំពាវដល់សិស្សានុសិស្សទាំងអស់ សូមមានការប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទ ឱ្យបានច្បាស់លាស់មុននឹងទិញ យកទៅបរិភោគដើម្បីចូលរួមលើកកម្ពស់ សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញនៅតាមសាលារៀន និងផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឱ្យបានញឹកញប់ជាបន្តបន្ទាប់បន្ថែមទៀតផងដែរ។

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តបានផ្តាំផ្ញើដល់សិស្សានុសិស្សត្រូវខិតខំរៀនសូត្រ ចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និងចេះថែរក្សាសុខភាព កាត់បន្ថយការមើលទូរសព្ទ និងកុំប្រើប្រាស់ផលិតផលសម្រកទម្ងន់ ដែលនាំឲ្យប៉ះពាល់សុខភាព និងត្រូវពិនិត្យមើលស្លាកសញ្ញាចំណីអាហារឲ្យបានត្រឹមមុននឹងបរិភោគ កុំហូបចំណីដែលគ្មានកាលបរិច្ឆេតច្បាស់លាស់ ជាពិសេសត្រូវផ្អាកហូបបង្អែមពីរមុខ ដែលមន្ត្រីកាំកុងត្រូលរកឃើញមានសារធាតុគីមីហាមឃាត់។ លោកគ្រូអ្នកគ្រូ ត្រូវដឹកនាំសិស្សានុសិស្សធ្វើការសម្អាតទីធ្លាសាលាឲ្យបានល្អ ចំណែកអ្នកលក់ត្រូវមានអនាម័យ ក្នុងការលក់ចំណីអាហារដល់សិស្សផងដែរ ៕





No comments:

Post a Comment

Pages