កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ០២នាក់ និងបំផ្លាញដំណាំកញ្ឆាខុសច្បាប់ចំនួន០៩ទីតាំងផ្សេងគ្នា ក្នុងស្រុកគិរីវង់ - Meas Sara News

Breaking

Saturday, February 22, 2020

កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ០២នាក់ និងបំផ្លាញដំណាំកញ្ឆាខុសច្បាប់ចំនួន០៩ទីតាំងផ្សេងគ្នា ក្នុងស្រុកគិរីវង់

ខេត្តតាកែវ៖ ដើម្បីលុបបំបាត់ទាំងស្រុងចំពោះបញ្ហាបទល្មើសនៃការលួចលាក់ដាំដុះកញ្ឆាខុសច្បាប់ក្នុងមូលដ្ឋានខេត្តតាកែវ ជាពិសេសស្រុកគិរីវង់ ដែលមានភូមិសាស្ត្រស្មុគ្រស្មាញ អំណោយផលដល់ការលួចដាំដំណាំកញ្ឆា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ក្នុងរយៈពេល០២ថ្ងៃ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ០២នាក់ និងបំផ្លាញដំណាំកញ្ឆាខុសច្បាប់ចំនួន០៩ទីតាំងផ្សេងគ្នា  ក្នុងភូមិសាស្ត្រឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ។

ជាក់ស្តែងនៅថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានចុះបង្ក្រាប កាប់បំផ្លាញ និងដុតដំណាំកញ្ឆាខុសច្បាប់ចំនួន ០៩ទីតាំង លេីផ្ទៃដីប្រមាណ១.០២២ម៉ែត្រការ៉េ និងបំផ្លាញចោលអាងស្តុកទឹកចំនួន០៤កន្លែង ស្ថិតនៅចំណុចដុបអាងស្រង៉ែ និងចំណុចបែកថ្លាង ក្នុងភូមិសាស្រ្តឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ។ ក្នុងប្រតិបត្តិការខាងលើ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ភ្លាមៗខណៈពេលពួកគេកំពុងនៅចាំមើលថែទាំចំការកញ្ឆា ។ 

ជនសង្ស័យទាំងពីរនាក់ រួមមានទី១.ឈ្មោះ ធុន ឡោន ភេទប្រុស អាយុ៥០ឆ្នាំ ទីលំនៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ខេត្តតាកែវ និងទី២ឈ្មោះប៉ុន ហាវ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា ខណៈពេលជនសង្ស័យនៅក្នុងចំការកញ្ឆា។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងបន្តស្រាវជ្រាវ ស្វែងរកចាប់ខ្លួនបក្ខពួកដែលរត់គេចខ្លួន ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕




No comments:

Post a Comment

Pages