ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញប្រគល់សម្ភារៈនិងថវិកា ដល់តំបន់ប្រតិបត្តិការសឹករងក្រចេះ ក្នុងការងារជួយសង្រ្គោះសុខភាពកងទ័ព និងប្រជាពលរដ្ឋមូលដ្ឋាន - Meas Sara News

Breaking

Friday, May 8, 2020

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញប្រគល់សម្ភារៈនិងថវិកា ដល់តំបន់ប្រតិបត្តិការសឹករងក្រចេះ ក្នុងការងារជួយសង្រ្គោះសុខភាពកងទ័ព និងប្រជាពលរដ្ឋមូលដ្ឋាន

ខេត្តក្រចេះ៖ ក្រោយពីរដ្ឋបាលខេត្តក្រចេះ ទទួលបានអំណោយសប្បុរសជនកន្លងមក ដើម្បីបម្រើដល់ការងារជួយសង្រ្គោះជីវភាព និងសុខភាពប្រជាពលរដ្ឋ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញប្រគល់សម្ភារៈនិងថវិការមួយចំនួន ដល់តំបន់ប្រតិបត្តិការសឹករងក្រចេះ ក្នុងការងារជួយសង្រ្គោះសុខភាពមូលដ្ឋានកងទ័ព និងគ្រួសារកងទ័ពផងដែរ ។

សម្ភារៈប្រគល់ជូននេះមាន ៖ ម៉ាសពណ៌ផ្ទៃមេឃចំនួន១កេស ថ្នាំសម្លាប់មេរោគ (ក្លរ)១ធុង ទឹកសាប៊ូលាងដៃ២កេស ទឹកអាល់កុល២កេស ស្រោមដៃ៥កេស ម៉ាស់ពណ៌ស (ក្រណាត់) ១កេស និងថវិកាចំនួន១០លានរៀល ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍បញ្ជាក់ថា អំណោយជាសម្ភារៈ និងថវិកា ដែលរដ្ឋបាលខេត្តទទួលបានពីសប្បុរសជនកន្លងមក រដ្ឋបាលខេត្តបានប្រគល់ជូនអាជ្ញាធរជំនាញ និងចែកជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះខាតជីវភាព និងជាពិសេសបងប្អូនកម្មករ ពលករ ដែលត្រឡប់មកពីធ្វើការងារនៅក្រៅប្រទេស ធ្វើដំណើរចូលមកភូមិកំណើតរបស់ខ្លួនវិញ ហើយត្រូវបានអាជ្ញាធរ រៀបចំដាក់ឲ្យពួកគាត់រស់នៅដាច់ដោយឡែកពីគ្រួសារ ចំនួន១៤ថ្ងៃ ក្នុងការតាមដានស្ថានភាំពជំងឺកូវីដ-១៩ ។

ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ក្នុងការទប់ស្កាត់ និងកាត់បន្ថយការចម្លងរីករាលដាលនូវមេរោគកូវីដ-១៩ ក្នុងមូលដ្ឋានខេត្តក្រចេះ ហើយសូមឲ្យបន្តការឧបត្ថម្ភគាំទ្រ ក្នុងការងារមនុស្សធម៌ក្នុងវិស័យសុខាភិបាលនេះបន្ថែមទៀត ។

សូមបញ្ជាក់ផងដែរថា ៖ មកទល់ពេលនេះ ខេត្តក្រចេះមិនមានអ្នកកើតជម្ងឺកូវីដ-១៩ឡើយ ដោយប្រតិបត្តិការនេះ មានការសហការពីបងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករ ពលករ និងការចូលរួមគ្រប់គ្រងតាមដានពីគ្រប់អាជ្ញាធរពាក់ព័ន្ធ រួមនិងអាជីវករ ធ្វើឲ្យការអនុវត្តតាមវិធានការពារអប់រំណែនាំ និងផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល ទៅតាមគ្រប់មូលដ្ឋានប្រកបដោយប្រសិទ្ធភាព ។



No comments:

Post a Comment

Pages