រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះពិនិត្យវឌ្ឍនភាពរបស់កសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលី(ពូជបង្កងថ្មី) - Meas Sara News

Breaking

Monday, May 4, 2020

រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះពិនិត្យវឌ្ឍនភាពរបស់កសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលី(ពូជបង្កងថ្មី)

ឧត្តរមានជ័យ៖ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និងសហការីបានអញ្ជើញចុះមកពិនិត្យវឌ្ឍនភាពរបស់កសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលី របស់ក្រុមហ៊ុន Cambodia Amazing Aquaculture Technological Co., Ltd ស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រសាទ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ។

តាមអ្វីដែលអ្នកបច្ចេកទេសចិញ្ចឹមបានអោយដឹងថា កសិដ្ឋានបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១៦ ដោយធ្វើការអភិវឌ្ឍជាបណ្តើរៗ មានជីកស្រះច្រើនប្រភេទ (ស្រះចិញ្ចឹមមេ បាពូជ កូន និងបង្កងសាច់) អាងភ្ញាស់ និងហេដ្ឋរចនាសម្ព័ន្ធក្នុងកសិដ្ឋាន។ល។ បច្ចុប្បន្នកំពុងធ្វើការសាកពិសោធន៍ភ្ញាស់ និងចិញ្ចឹមកូនពូជឱ្យស្របតាមក្សេត្របរិស្ថាននៅតំបន់នេះ ក្នុងទិសដៅដើម្បីសម្រេចតាមផែនការផលិតកម្ម ផលិតបង្កងសាច់ឱ្យបាន១តោន/ថ្ងៃ និងកើនឡើងជាបន្តបន្ទាប់។

បច្ចុប្បន្នមានកូនពូជប្រមាណ ៦០ម៉ឺន ដែលអាចផ្តល់ផលប្រមាណ ៥០តោននៅរយៈពេល ៦ខែ និងគ្រោងផលិតកូនឱ្យបាន ៥-១០លានកូននៅឆ្នាំក្រោយ។ បង្កងប្រភេទនេះមានតម្លៃ ២៥$/kg  នៅកសិដ្ឋាន ឈ្មួញយកទៅលក់បន្តតម្លៃ ៣០-៣៥$/kg។ ផ្ទៃដីដែលបាននិងកំពុងចិញ្ចឹមមានចំនួន ២៥ហិចតា នឹងធ្វើការពង្រីកដល់ ១០០ហិចតា នៅពេលឆាប់ៗខាងមុខ ដែលក្នុងនោះ ៧០ហិចតា សម្រាប់ផលិតបង្កងសាច់ ៣០ហិចតា សម្រាប់ផលិតមេ បា និងកូនពូជ។ ការចិញ្ចឹមជាលក្ខណ:ធម្មជាតិ (លែងក្នុងស្រះ) ផ្តល់ចំណីផ្សំមានពោត ដំឡូងមី និងសណ្តែកសៀង ដែលជាវត្ថុធាតុដើមផលិតក្នុងស្រុក។

ដើម្បីពិនិត្យឃើញទិដ្ឋភាពជាក់ស្តែងនូវហេដ្ឋារចនាសម្ព័ន្ធកសិដ្ឋាន ផលិតកម្មចិញ្ចឹមបង្កងអូស្រ្តាលី (ពូជបង្កងថ្មី) ប្រកបដោយបច្ចេកវិទ្យាសាមញ្ញតាមបែបធម្មជាតិ ភាតរបរិស្ថាន កំពុងដំណើរការទៅដោយរលូន និងវិវឌ្ឍន៍រីកចម្រើនជាបណ្តើរៗ លោករដ្ឋមន្រ្តី និងលោកអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមវិនិយោគចិញ្ចឹមបង្កងពូជថ្មី ដែលរដ្ឋបាលជលផលបាន និងកំពុងជំរុញ និងលើកទឹកចិត្តឱ្យកសិករចិញ្ចឹមជាលក្ខណ:គ្រួសារ ព្រោះវាមានលក្ខណ: សាមញ្ញ និងទទួលបានកម្រៃខ្ពស់។ ក្នុងនោះលោកបានសម្តែងការគាំទ្រចំពោះផែនការផលិតកម្មនាពេលអនាគត ព្រោះវាពិតជាបានចូលរួមចំណែកបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើនចំណូលក្នុងគ្រួសារ និងកាត់បន្ថយភាពក្រីក្រ បង្កើនបរិមាណផ្គត់ផ្គង់ ប្រើប្រាស់សក្តានុពលរបស់ដីឱ្យអស់លទ្ធភាព ចូលរួមអនុវត្តគោនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម និងជាពិសេសបង្កើតកាលានុវត្តភាពស្របតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានសុំឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពពង្រីកផលិតកម្ម ទៅតំបន់ផ្សេងៗទៀតដែលមានប្រភពទឹកធម្មជាតិល្អ ព្រោះខេត្តនេះមានលក្ខណ:ធម្មជាតិអំណោយផលក្នុងការចិញ្ចឹមបង្កងប្រភេទថ្មីនេះ។ លោកបានណែនាំឱ្យក្រុមហ៊ុន គួរតែពង្រីកការភ្ញាស់កូនបង្កង រួចលក់ចែកជូនកសិករដើម្បីយកមកចិញ្ចឹម ដោយផ្តល់បច្ចេកទេស ហើយប្រមូលទិញផលបង្កងមកវិញតាមរយ:ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីពង្រីកទីផ្សារនាពេលអនាគត។

លោកអភិបាលខេត្ត បានបន្ថែមថា រដ្ឋបាលជលផល និងសកលវិទ្យាល័យភូមិន្ទកសិកម្ម គួរបញ្ជូនមន្រ្តី និងនិស្សិតចុះសិក្សា ដកស្រង់បទពិសោធន៍ បច្ចេកទេស ដើម្បីផ្សព្វផ្សាយផលិតកម្មបង្កងនេះឱ្យបានទូលំទូលាយទូទាំងប្រទេស៕




No comments:

Post a Comment

Pages