កោះកុង៖ នៅខេត្តកោះកុង កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ បានប្រារព្ធពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ស្តូបអនុស្សារីយ៍នយោបាយឈ្នះ ឈ្នះ នៅក្នុងខេត្តកោះកុង ដែលពិធីបញ្ចុះបឋមសិលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ និងព្រមទាំងមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គមេបញ្ជាការរង មេបញ្ជាការ មេបញ្ជាការរងយោធភូមិភាគ នាយទាហាន នៅក្នុងក្រសួងការពារជាតិ អគ្គមេបញ្ជាការ កងទ័ពជើងគោក ជើងទឹក ជើងអាកាស កងរាជអាវុធហត្ថ ប្រជាពលរដ្ឋ សិស្សានុសិស្ស កងកំលាំងប្រដាប់អាវុធ ក្នុងខេត្តកោះកុង យ៉ាងច្រើនកុះករ។
ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ស្តូបអនុស្សារីយ៍នយោបាយឈ្នះ ឈ្នះ នៅក្នុងខេត្តកោះកុងនាពេលនោះ បានប្រព្រឹត្តទៅតាមប្រពៃណីព្រះពុទ្ធសាសនា ដោយបានប្រារព្ធពិធីក្រុងពាលីសុំម្ចាស់ទឹក ម្ចាស់ដី ដែលក្នុងពិធីក្រុងពាលីនេះ មានការនិមន្តចូលរួមពីសម្តេចព្រះវន័រត័ កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចំរើន ដល់ដំណើរការសាងសង់ស្តូបអនុស្សារីយ៍នយោបាយឈ្នះ ឈ្នះ នៅក្នុងខេត្តកោះកុងនេះ អោយសំរេចបានលទ្ធផលល្អ។
ក្នុងសុន្ទរកថាស្វាគមន៍របស់ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះ ឈ្នះ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិទាំងមូល ទទួលបានសន្តិភាពនិងស្ថេរភាពនៅទូទាំងប្រទេសធ្វើឲ្យប្រជាពលរដ្ឋទំាងអស់ មានសេចក្តីត្រេកអរទទួលបានសេចក្តីសុខសប្បាយ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ។ លោកស្រី បានបញ្ជាក់ថា ក្រោមម្លប់សន្តិភាពនេះហើយ បានធ្វើឲ្យខេត្តកោះកុង មានឱកាសអភិវឌ្ឍទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត អរូបវ័ន្ត និងការវិនិយោគ គួរឲ្យកត់សម្គាល់។
លោកស្រីអភិបាលខេត្ត បានបញ្ជាក់ថា ជាមួយនឹងសមិទ្ធិផលដ៏ថ្លៃថ្លា ដែលខេត្តកោះកុងទទួលបានក្នុងពេលកន្លងមក ថ្ងៃនេះមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងមូលទូទាំងខេត្តកោះកុង មានសេចក្តីរំភើបសប្បាយរីករាយ និងពោពេញដោយមោទនៈភាពជាទីបំផុត ដោយខេត្តកោះកុង នឹងទទួលបានសមិទ្ធិផលដ៏ថ្លៃថ្លា ជាប្រវត្តិសាស្ត្រ មិនអាចកាត់ថ្លៃបានមួយបន្ថែមទៀត គឺស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តកោះកុង ដែលបាននិងកំពុងរៀបចំពិធីបញ្ចុះបឋមសិលា ដើម្បីកសាងនាពេលនេះ។ ហើយសមិទ្ធផលដ៏ថ្លៃថ្លានេះ នឹងផ្តល់នូវកិត្តិយស និងមុខមាត់ថ្មី បន្ថែមទៀតលើទឹកដីខេត្តកោះកុង។
ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ស្តូបអនុស្សារីយ៍នយោបាយឈ្នះ ឈ្នះ នៅក្នុងខេត្តកោះកុងនាពេលនោះ លោកទៀ បាញ់ បានមានប្រសាសន៍ រំលឹកឡើងវិញអំពីព្រឹត្តិការណ៍ជាក់ស្តែងមួយចំនួន ដែលកម្ពុជាបានជួបប្រទះក្នុងការឆ្លងកាត់ភ្នក់ភ្លើងសង្រ្គាម ដែលបង្កការឈឺចាប់ខ្លោចផ្សា មិនអាចថ្លែងបានចំពោះប្រជាជនកម្ពុជាទាំងមូល ហើយនៅបន្សល់ស្លាកស្នាមមិនទាន់រលុបអស់នៅឡើយ មកដល់ពេលបច្ចុប្បន្ននេះ។ លោក បានបញ្ជាក់ថា សមិទ្ធផលនៃនយោបាយឈ្នះ ឈ្នះ យើងទទួលបាននូវសន្តិភាពពេញលេញ ដែលជាកត្តាចម្បងសម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ និងការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងកិច្ចការតំបន់ និងអន្តរជាតិដោយជោគជ័យ ហើយបានប្រែក្លាយជីវភាពរស់នៅរបស់ប្រជាជន ពីជីវភាពក្រីក្រមកជាប្រជាជនមានចំណូលកម្រិតមធ្យម។
លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបញ្ជាក់បន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធស្ថាបត្យកម្ម ដែលនឹងត្រូវមាននៅ ស្តូបឈ្នះ ឈ្នះ ខេត្តកោះកុង ដែលបានសាងសង់នាពេលនេះ គឺអាចឱ្យគេយល់ដឹងកាន់តែច្បាស់អំពីវិមានឈ្នះ ឈ្នះ នៅភ្នំពេញ ដែលជាស្ថាបត្យកម្មដំបូងបង្អស់ជាប្រវត្តិសាស្ត្រមាន លក្ខណៈ ជាសាធារណៈ និង វប្បធម៌ជាតិ។ លោក ក៏បានជំរុញដល់ក្រុមការងារទទួលបន្ទុកការសាងសង់ស្តូបនេះ ត្រូវយកចិត្តទុកដាក់សាងសង់ឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ដើម្បីធានាបានទាំងគុណភាព និងប្រសិទ្ធភាពសំណង់នេះ។
ក្នុងឱកាសនោះដែរ លោក ទៀ បាញ់ ក៏បានទទួលនូវថវិកាជួយឧបត្ថមពីសប្បុរសជននានា ដែលបានចូលរួមថវិកាជួយសាងសង់ស្តូបអនុស្សារីយ៍នយោបាយឈ្នះ ឈ្នះ នៅក្នុងខេត្តកោះកុង ដែលមានទឹកប្រាក់សរុបចំនួន ២,២៦០,៣៩១ដុល្លា និង ២២លានរៀល។ បន្ទាប់មក លោក ទៀ បាញ់ និងភរិយា ព្រមទាំងគណៈអធិបតីទាំងអស់ បានអញ្ជើញទៅចុចប៊ូតុងបើកការដ្ឋានសាងសង់ ស្តូបអនុស្សារីយ៍នយោបាយឈ្នះ ឈ្នះ នៅក្នុងខេត្តកោះកុង ចាប់ពីពេលនេះតទៅ។
សូមបញ្ចាក់ថា ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ដែលបានបើកការដ្ឋាន សាងសង់នៅក្នុងខេត្តកោះកុងនេះ មានទីតាំងស្ថិតនៅ ភូមិបឹងឃុនឆាំង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ តាមដងផ្លូវជាតិលេខ ៤៨ ដែលស្ថិតនៅចំងាយជាង ១០គីឡូមែត្រ ពីក្រុងខេមរភូមិន្ទ ទីរួមខេត្តកោះកុង ៕
Monday, June 1, 2020
Home
ព័ត៌មានជាតិ
លោក ទៀ បាញ់៖ នយោបាយឈ្នះឈ្នះ គឺជាកត្តាចម្បងសម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងកិច្ចការតំបន់ និងអន្តរជាតិដោយជោគជ័យ
លោក ទៀ បាញ់៖ នយោបាយឈ្នះឈ្នះ គឺជាកត្តាចម្បងសម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងកិច្ចការតំបន់ និងអន្តរជាតិដោយជោគជ័យ
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878







No comments:
Post a Comment