ខេត្តព្រៃវែង៖ ថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានដឹកនាំគណ:កម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្ត និងអាជ្ញាធរស្រុកកំពង់ត្របែក បានចុះពិនិត្យកន្លែងធ្វើចត្តាឡីស័កតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងតំបន់ស្នាក់ការច្រកទ្វារតំបន់ព្រំដែន ស្វាយអាង៉ោង ស្ថិតក្នុងឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
មានចំនួន៤ទីតាំង ៖
១- ទីតាំងធ្វើចត្តាឡីស័កថ្នាក់ស្រុកកំពង់ត្របែក
២- ប៉ុស្តិ៏នគរបាលការពារព្រំដែនគោក ស្វាយអាង៉ោង
៣-ទីស្នាក់ការច្រកទ្វារតំបន់ព្រំដែន ស្វាយអាង៉ោង
៤- ចន្លោះច្រកទ្វារព្រំដែន(ស្វាយអាង៉ោង-ពាមមន្ទារ) អូរស៊ែរ
យោងតាមសេចក្តីថ្លែងសារពិសេសរបស់សម្តេចតេជោ ជូនជនរួមជាតិអំពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូលប្រទេសកម្ពុជា អាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ បានចុះពិនិត្យនៅមូលដ្ឋាន ដើម្បីបង្កើនការរឹតបន្តឹងថែមទៀតនៅកន្លែងធ្វើចត្តាឡីស័ក ថ្នាក់ស្រុក និងលួចចេញ-ចូល ដោយខុសច្បាប់ ចៀសវាងកុំអោយពលករណាម្នាក់ចូលមកដោយមិនបានពិនិត្យ និងធ្វើចត្តាឡីស័ក។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម អភិបាលខេត្ត សូមអំពាវនាវដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសវៀតណាម មិនត្រូវចល័ត ឬវិលត្រឡប់មកស្រុកកំណើតវិញក្នុងដំណាក់កាលនេះទេ គឺពួកគេ អាចមានហានិភ័យខ្ពស់ទាំងផ្នែកសន្តិសុខ និងសុខភាព។ ទន្ទឹមនឹងនេះ ដើម្បីការពារសុខភាពរបស់បងប្អូន និងក្រុមគ្រួសារ ក៏ដូចជា សុខភាពសាធារណៈ បងប្អូន នឹងត្រូវក្រុមការងារចត្តាឡីស័កកម្ពុជានៅតាមច្រកព្រំដែន កម្ពុជា-វៀតណាម យកសំណាកទៅពិនិត្យជំងឺកូវីដ-១៩ និងដាក់អោយធ្វើចត្តាឡីស័កនៅព្រំដែនចំនួន ១៤ថ្ងៃ បើទោះបីជាបងប្អូនឆ្លងចូលមកប្រទេសកម្ពុជាតាមច្រកណាមួយក៏ដោយ៕



No comments:
Post a Comment