ខេត្តតាកែវ៖ នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យ និងសាកសួរសុខទុក្ខពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក មានចំនួន ៤ទីតាំង ទីតាំងទី១ មណ្ឌល ចត្តាឡីស័ក សាលាបឋមសិក្សាអង្គសឹង្ហ ឃុំចំបក់ ទីតាំងទី២ វិទ្យាល័យ ហ៊ុន សែន ១មិថុនា ឃុំពារាម ទីតាំងទី៣ វិទ្យាល័យគិតម៉េងប្រាសាទ ឃុំដូង និងទីតាំងទី៤ សាលាបឋមសិក្សា ភូមិថ្មី ឃុំត្នោត ក្នុងស្រុកបាទី និងទីតាំងមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សា ភ្នំចចក ស្ថិតនៅឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ។
នាឱកាសនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានណែនាំ ដល់អជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំកែលម្អ និងបំពេញបន្ថែម នៅផ្នែកដែលខ្វះខាត ដូចជាប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹកស្អាត បន្ទប់ទឹក បង្គន់អនាម័យ ធ្វើយ៉ាងណាត្រូវបង្កលក្ខណៈងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវស្នាក់នៅ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ឲ្យបានសមរម្យ។
ឯកឧត្តមអភិបាល ក៏បានជំរុញឱ្យប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក និងបញ្ចប់ចត្តាឡីស័ក ក៏ដូចជាប្រជាពលរដ្ឋទូទៅក្តី សូមរស់នៅប្រកបដោយ អនាម័យខ្ពស់ គោរពតាមវិធានការ ៣កុំ ៣ការពារ របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ហើយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ បុស្តិ៍រដ្ឋបាល ត្រូវតាមដាន និងស្រាវជ្រាវរក ប្រជាពលរដ្ឋដែលបានធ្វើដំណើរ ឆ្លង រាជធានី ខេត្តនានា មកដល់មូលដ្ឋាន គឺត្រូវបញ្ជូនពួកគាត់ មកធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក ជាបន្ទាន់សំដៅរួមគ្នាបញ្ចប់កូវីដ១៩ ឱ្យខានតែបាន។
សូមបញ្ជាក់ដែរថា ក្នុងឱកាសចុះនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានធ្វើការឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគមួយចំនួន នៅតាមមណ្ឌលចត្តាឡីស័ក ក្នុងស្រុកបាទី និងស្រុកព្រៃកប្បាសផងដែរ ៕




No comments:
Post a Comment