រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ លើឈ្មោះ ស៊ុំ សុធា ភេទស្រី អាយុ៥០ឆ្នាំ ដែលជាអាជីវករលក់កាហ្វេ យីហោ ឧម៉ា ផ្តត់ផ្គង់សម្ភារកាហ្វេ នៅផ្សារសាមគ្គី ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានសម្រេចបិទជាបណ្តោះអាសន្នផ្សារសាមគ្គី ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ។
អ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ដែលជាអាជីវករលក់ដូរក្នុងផ្សារសាមគ្គី ឬអ្នកធ្លាប់បានទិញកាហ្វេនៅទីតាំងខាងលើ ឬអ្នកធ្លាប់បានចេញចូលផ្សារសាមគ្គី ចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ឬអ្នកបានពាក់ព័ន្ធផ្សេងទៀត សូមរួសរាន់មកបង្ហាញអត្តសញ្ញាណចំពោះមុខក្រុមគ្រូពេទ្យក្នុងការស្រង់ស្ថិតិនៅផ្សារសាមគ្គី ចាប់ពីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។ ចំពោះអ្នកមានមុខសញ្ញាសង្ស័យ ឬរោគសញ្ញាជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត នឹងចាប់ផ្តើម យកសំណាកនៅពេលរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នៅបរិវេណ ខាងមុខផ្សារសាមគ្គី។
រដ្ឋបាលខេត្តសូមណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានម៉ឺងម៉ាត់បំផុត ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័កនេះ រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤ / ០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល។




No comments:
Post a Comment