មណ្ឌលគិរី៖ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ លោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញទទួលជំនួយជាគ្រឿងឧបភោគ បរិភោគ និង សម្ភារ:មួយចំនួន ពីក្រុមហ៊ុន កាហ្វេ អឹម ខេ មណ្ឌលគិរី ដើម្បីចាត់ចែងបែកចែកជូនដល់កងកម្លាំងសមត្ថកិច្ច ដែលកំពុងឈរជើងនៅតាមតំបន់បិទខ្ទប់បណ្តោះអាសន្នមួយផ្នែក នៅក្នុងក្រុងសែនមនោរម្យ ដែលមានអ្នកវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និង ចែកជូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ក្នុងបរិបទកូវីដ-១៩ ពិធីនេះប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។
លោក សាយ ម៉េងគីម អភិបាលរងខេត្ត បានថ្លែងអំណរគុណចំពោះប្រធានក្រុមហ៊ុន កាហ្វេ អឹម ខេ មណ្ឌលគិរី ដែលបានឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តសម្រាប់ឧបត្ថម្ភដល់កងកម្លាំងសមត្ថកិច្ច ដែលកំពុងបំពេញបេសកម្មនៅតាមតំបន់បិទខ្ទប់ និង ចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយសារជំងឺឆ្លងកូវីដ-១៩ នេះ។ លោក បានបន្តថា នេះជាការបង្ហាញពីការចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ជាពិសេស ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩។ ទន្ទឹមនឹងនោះ លោក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល ជាពិសេស បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោល ជាមួយអ្នកផ្ទុកជំងឺកូវីដ១៩ សូមទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្ត ឬទីតាំងណាមួយ ដែលក្រុមគ្រូពេទ្យបានកំណត់។
លោក អភិបាលរងខេត្ត បានជូនពរដល់ ម្ចាស់ក្រុមហ៊ុន កាហ្វេ អឹម ខេ មណ្ឌលគិរី សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច សមប្រកបតែពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងចៀសផុតពីជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា៖ គ្រឿងឧបភោគបរិភោគ និង សម្ភារ:ដែលក្រុមហ៊ុនផ្តល់ជូនរដ្ឋបាលខេត្ត រួមមាន: អង្ករចំនួន ១តោន ទឹកស៊ីអុីវ ចំនួន ២៥កេស កាហ្វេ ចំនួន ២កេសធំ ម៉ាស់ចំនួន ២កេស និង ថវិកាចំនួន ១លានរៀល៕




No comments:
Post a Comment