អភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំគណៈប្រតិភូចុះពិនិត្យស្ថានភាពតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ - Meas Sara News

Breaking

Thursday, June 3, 2021

អភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំគណៈប្រតិភូចុះពិនិត្យស្ថានភាពតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩

នៅព្រឹកថ្ងៃពុធទី០២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំគណៈប្រតិភូអមដំណើររួមមាន លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងមន្រ្ដីរាជការមួយចំនួនទៀត ចុះពិនិត្យស្ថានភាពតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ព្រមទាំងសួរសុខទុក្ខក្រុមគ្រូពេទ្យជួរមុខ ដែលប្រចាំការនៅតាមបណ្ដោយស្រុកព្រំដែនកម្ពុជា ថៃ ខាងលិច ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ 


ក្នុងឱកាសនោះផងដែរ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានឧបត្ថម្ភថវិកាចំនួន ២លានរៀលដល់ក្រុមគ្រូពេទ្យជួរមុខមន្ទីរពេទ្យបង្អែកសំពៅលូន និងចំនួន ២លានរៀលទៀតដល់ ក្រុមគ្រូពេទ្យជួរមុខដែលប្រចាំការនៅមណ្ឌលសុខភាពត្រាង ស្រុកកំរៀង ព្រមទាំងអង្ករចំនួន២តោន ជូនដល់រដ្ឋបាលស្រុកកំរៀងសម្រាប់បែងចែកទៅតាមមណ្ឌល និងឯកឧត្តម ក៏បានឧបត្ថម្ភថិកាចំនួន ១លានរៀលទៀត ដល់មណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅស្រុករតនមណ្ឌល។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ ក៏បានបន្តចុះត្រួតពិនិត្យមើលស្ថានភាពការបិទខ្ទប់ផ្ទះប្រជាពលរដ្ឋដែលប៉ះពាល់ដោយផ្ទាល់ ឬប្រយោលពីសំណាក់អ្នកវិជ្ជមានកូវីដ-១៩។ 


ឯកឧត្តម ងួន រតនៈ បានបញ្ជាក់ថា ខណៈការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ កាន់តែច្រើននៅក្នុងខេត្ត ដូច្នេះអាជ្ញាធរតាមបណ្ដាស្រុកជាប់ប្រទល់ នឹងខេត្តជិតខាង និងជាប់ព្រំដែនប្រទេសថៃ ត្រូវបន្តរឹតបន្តឹងការត្រួតពិនិត្យសុខភាព និងការយកសំណាកឲ្យត្រឹមត្រូវច្បាស់លាស់ ហើយមិនត្រូវឲ្យពលករ ឬអ្នកមានការសង្ស័យគេចផុតពីការធ្វើចត្តាឡីស័ក។ 


ឯកឧត្តម បានជំរុញឲ្យមានកិច្ចសហការគ្នាឱ្យបានល្អ ដើម្បីស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់និងប្រយោលផ្សេងៗទៀត ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក ក្នុងការទប់ស្កាត់ការឆ្លងរាលដាលទៅក្នុងសហគមន៍បន្តទៀត ក្នុងនោះក៏ត្រូវយកចិត្តទុកដាក់ផ្គត់ផ្គងនូវគ្រឿងឧភោគបរិភោគផ្សេងៗដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ក្នុងពេលដែលមានទីលំនៅកំពុងធ្វើការបិទខ្ទប់ឱ្យបានគ្រប់គ្រាន់ និងធ្វើការអប់រំពន្យល់ពួកគាត់ ចូលរួមឲ្យបានខ្ជាប់ខ្ជួននូវការធ្វើចត្តាឡីស័ក និងអនុវត្តនូវវិធានការសុខាភិបាល។


គួរបញ្ជាក់ផងដែរថា បើយោងទៅតាមការលើកឡើងរបស់ លោក សុខ គឹមខុន អភិបាល ស្រុកកំរៀង បានបញ្ជាក់ថា  ក្នុងរយៈពេល២ថ្ងៃប៉ុណ្ណោះក្រុមការងារឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានយកសំណាកធ្វើតេស្តអ្នកពាក់ព័ន្ធ បានរកឃើញថ្មីករណីឆ្លងវីរូសកូវីដ១៩ ចំនួនជាង៥០នាក់ ក្នុងនោះជាពលករមកពីប្រទេសថៃចំនួន២នាក់ ក្រៅពីនេះគឺជាប្រជាពលរដ្ឋ ដែលមកពីតំបន់ផ្ទុះជំងឺកូវីដ១៩ នៅក្នុងកាស៊ីណូច្រកទ្វារអន្តរជាតិព្រំនៃខេត្តប៉ៃលិន ដែលរហូតមកដល់ពេលនេះ សម្រាប់អ្នកប៉ះពាល់ដោយផ្ទាល់ត្រូវបានមន្ត្រីសុខាភិបាលយកសំណាក និងនាំទៅធ្វើចត្តាឡីស័ក ដែលបានរៀបចំរួចរាល់ ខណៈអ្នកប៉ះពាល់ប្រយោលត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះ៕




 

No comments:

Post a Comment

Pages