(ភ្នំពេញ)៖សត្វតោឈ្មោលមួយក្បាលត្រូវកម្លាំងសមត្ថកិច្ចចម្រុះរឹបអូសពីបុរសចិនម្នាក់ដែលលួចចិញ្ចឹមដោយខុសច្បាប់ក្នុងផ្ទះ។
ប្រតិបត្តិកាចុះដកហូតសត្វតោឈ្មោលព្រៃមួយក្បាលនេះបានធើ្វឡើងនៅផ្ទះវីឡាមួយកន្លែង លេខ២២ ផ្លូវ៣០៦ភូមិ៧សង្កាត់បឹងកេងកង១ខណ្ឌបឹងកេងកងថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២១។
លោកគាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញបានឱ្យដឹងថាដោយសារមានប្រជាពលរដ្ឋជិតខាងបានរាយការណ៍ប្រាប់អំពីការចិញ្ចឹមសត្វតោនៅក្នុងផ្ទះវីឡារបស់បុរសចិនម្នាក់ទើបសមត្ថកិច្ចសហការជាមួយអាជ្ញារមូលដ្ឋានចុះស្រាវជ្រាវឈានដល់ការចុះដកហូតយកសត្វតោឈ្មោលមួយក្បាលនោះ ដើម្បីបញ្ជូនទៅថែរក្សាទុក។
លោកនាយខណ្ឌបានបន្តថាការចុះដកហូតសត្វតោដែលជាប្រភេទសត្វព្រៃកម្រនេះក៏មានការសហការជាមួយព្រះរាជអាជ្ញារងអមតុលាការរាជធានីភ្នំពេញនិងមានការចូលរួមពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ព្រមទាំងសមត្ថកិច្ចចម្រុះមូលដ្ឋាន។
នាយខណ្ឌរដ្ឋបាលព្រៃឈើរូបនេះបន្តថា ប្រជាពលរដ្ឋមិនមានសិទ្ធិក្នុងការចិញ្ចឹមសត្វព្រៃដែលជាប្រភេទសត្វកម្រនោះទេ ដែលផ្ទុយពីច្បាប់ និងមាត្រា៤៩ នៃច្បាប់ស្តីពីព្រៃឈើ កថាខណ្ឌ២ ត្រង់ចំណុច៣ ដែលបានចែងថា ការយកធ្វើជាកម្មសិទ្ធិ សន្និធិ ឬថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារនូវប្រភេទសត្វក្នុងក្រុមជិតផុតពូជ ត្រូវបានហាមឃាត់។
បន្ថែមពីនេះ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ “ចំពោះសត្វតោឈ្មោលមួយក្បាលនោះនឹងប្រគល់ជូនទៅមជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីចិញ្ចឹមបីបាច់បន្ត។ ចំពោះជនជាតិចិនដែលជាម្ចាស់ត្រូវបានអាជ្ញាធរហៅទៅណែនាំឈប់ឱ្យចិញ្ចឹមសត្វព្រៃបែបនេះបន្តទៀត”។
គួរបញ្ជាក់ថា សត្វតោឈ្មោលនោះមានទម្ងន់ជាង ៧០គីឡូក្រាម ត្រូវបានបុរសចិនរូបនេះ ចិញ្ចឹមតាំងពីតូចរហូតដល់ពេលនេះមានអាយុប្រមាណ១ឆ្នាំកន្លះ ដោយក្នុងមួយថ្ងៃបរិភោគសាច់ឆៅប្រមាណ៦គីឡូក្រាម៕





No comments:
Post a Comment