តាកែវ៖ អាជ្ញាធរខេត្តតាកែវ ដឹកនាំដោយលោកស្រី គា សុភូ អភិបាលរងខេត្តតាកែវ តំណាងឯកឧត្តម អ៊ូច ភា អភិបាលខេត្ត លោក ម៉ឹង វុធី លោក មូល វិចិត្រ លោក ឈួ សុធា ក្នុងជួរគណៈអភិបាលរងខេត្ត រួមជាមួយមន្រ្តីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្ត ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សានុសិស្ស ជាច្រើននាក់ បានចូលរួមនៅក្នុងទិវាជាតិទីក្រុងស្អាត និងនាំគ្នាដើររើសសំរាម នៅតាមដងផ្លូវនានា និងនៅតាមទីផ្សារ សួនច្បារសាធារណៈ នៅក្នុងក្រុងដូនកែវ។
ក្នុងឱកាសនោះដែរ លោកស្រី គា សុភូ អភិបាលរងខេត្ត បានធ្វើការអំពាវនាវ និងទទួចទៅដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាបញ្ឈប់ជាបន្ទាន់នូវទម្លាប់ការចោលសម្រាមពាសវាលពាសកាល និងច្រកជាថង់ ជាប៉ាវ យកមកបោះចោលនៅតាមដងផ្លូវនានាក្នុងក្រុងដូនកែវ ព្រោះនេះជាទម្លាប់មិនល្អ ពិសេសធ្វើឲ្យបាត់បង់សោភ័ណ្ឌភាពក្នុងក្រុងថែមទៀតផង ហើយប្រសិនបើបងប្អូនមានទម្លាប់ក្នុងការគ្រង់គ្រងកាកសំណល់ និងសំរាម ដោយទម្លាប់បោះក្នុងធុងសំរាម នោះក្រុងរបស់យើង និងមានសោភណ្ឌភាពល្អ ពិសេសមិនមានសំរាមចោលតាមដងផ្លូវ ឬតាមសួនច្បារតទៅទៀតនោះឡើយ៕
No comments:
Post a Comment