សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ចំនួន២ខ្នង មាន១១បន្ទប់ នៅសាលាបឋមសិក្សាពងពស់ និងសាលាបឋមសិក្សានាគរង្សី ស្ថិតក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង - Meas Sara News

Breaking

Wednesday, February 16, 2022

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ចំនួន២ខ្នង មាន១១បន្ទប់ នៅសាលាបឋមសិក្សាពងពស់ និងសាលាបឋមសិក្សានាគរង្សី ស្ថិតក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង

នាព្រឹកថ្ងៃអង្គារ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ចំនួន២ខ្នង មាន១១បន្ទប់ នៅសាលាបឋមសិក្សាពងពស់ និងសាលាបឋមសិក្សានាគរង្សី ស្ថិតនៅឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយមានការចូលរួមពី ព្រះតេជគុណ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ស្រុក-ឃុំ អភិបាលខេត្ត អភិបាលក្រុង ស្រុកទាំង១៣ កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត ប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបប្រមាណជា ៦០០នាក់។


នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរ និងថ្លែងអំណរគុណជូនចំពោះឯកឧត្តម ព្រុំ សុខា និងក្រុមការងារចុះជួយស្រុកបាភ្នំទាំងអស់ ដែលបានចំណាយថវិកាជួយសាងសង់អគារសិក្សា ដែលសម្ពោធឱ្យប្រើប្រាស់នាថ្ងៃនេះ រួមមាន ៖ នៅសាលាបឋមសិក្សា ពងពស់ និងសាលាបឋមសិក្សា នាគរង្ស៊ី ដើម្បីជួយអភិវឌ្ឍន៍មូលដ្ឋាន ពិសេសពង្រឹងវិស័យអប់រំថ្នាក់បឋមសិក្សា។


លើសពីនេះ សម្ដេចក្រឡាហោម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តតាមវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ប្រជាពលរដ្ឋ អញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ តាមការកំណត់របស់មន្រ្តីសុខាភិបាលឱ្យបានគ្រប់ៗគ្នា។ សម្ដេច បានបន្តថា នៅបណ្ដាប្រទេសលោកខាងលិចខ្លះ ស្ថានភាពកូវីដ-១៩ កំពុងរីករាលដាលខ្លាំង ដោយសារប្រជាពលរដ្ឋមិនគាំទ្រវិធានការរដ្ឋាភិបាល។


សម្ដេចក្រឡាហោម បានសម្ដែងការស្ញប់ស្ញែងចំពោះការចូលរួមគាំទ្រ និងការគោរពអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលពីសំណាក់ប្រជាពលរដ្ឋ ដែលធ្វើឱ្យរាជរដ្ឋាភិបាលទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ទោះយ៉ាងណាក៏ដោយ សម្ដេច បានសម្ដែងក្ដីព្រួយបារម្ភចំពោះអត្រាឆ្លងជំងឺកូវីដ-១៩ នាប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលបានហក់ឡើងខ្ពស់ដល់មួយថ្ងៃប្រមាណជាង ៥០០នាក់។


ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល ឃុំ-ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ។ សម្ដេច ក៏បានទាញចំណាប់អារម្មណ៍អង្គពិធីអំពីការចរាចរណ៍គ្រឿងញៀន និងការផលិតគ្រឿងញៀនសំយោគ ដោយ សម្ដេច បានអំពាវនាវប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីប្រយុទ្ធនឹងគ្រឿងញៀន និងត្រូវបង្ការកុំឱ្យសមាជិកក្រុមគ្រួសារពាក់ព័ន្ធគ្រឿងញៀន៕










 

No comments:

Post a Comment

Pages