ឯកឧត្តម សុខ លូ បន្តនាំយកអំណោយផ្ដល់ជូនពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀង២០០គ្រួសារបន្ថែមទៀត ក្នុងសង្កាត់ទទួលតាឯក ក្រុងបាត់ដំបង - Meas Sara News

Breaking

Wednesday, October 21, 2026

ឯកឧត្តម សុខ លូ បន្តនាំយកអំណោយផ្ដល់ជូនពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀង២០០គ្រួសារបន្ថែមទៀត ក្នុងសង្កាត់ទទួលតាឯក ក្រុងបាត់ដំបង

បាត់ដំបង៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បាននាំយកអំណោយរបស់សប្បុរសជនផ្ដល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន២០០គ្រួសារនៅក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង។


មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតែងតែគិតគូរជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈជាពិសេសនៅក្នុងគ្រាដែលប្រជាពលរដ្ឋជួបការលំបាក។


ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរ ក្នុងមូលដ្ឋានដែលខិតខំចុះជួយសង្គ្រោះប្រជាពលរដ្ឋក្នុងពេលមានការលំបាកដោយគ្រោះទឹកជំនន់ និងគ្រប់គ្រងស្ថានការបានដោយមិនឱ្យពលរដ្ឋជួបគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។


ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួមឧបត្ថម្ភអំណោយជាគ្រឿងឧបភោគបរិភោគជាបន្តបន្ទាប់តាមរយៈរដ្ឋបាលខេត្ត ដើម្បីបន្តនាំយកមកចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងជួបការលំបាកខ្វះខាត។


ឯកឧត្តម ក្រើនរំឭកប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ជាពិសេសមើលថែទាំមនុស្សចាស់ជរា និងកុមារតូចៗ ប្រកាន់ខ្ជាប់នូវអនាម័យ ហូបស្អាត ទទួលទានទឹកឆ្អិន ឬទឹកស្អាត បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអសិរពិស និងគ្រោះថ្នាក់នៃការលង់ទឹកដោយយថាហេតុ ជាពិសេសប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម។


ឯកឧត្តម បន្តទៀតថាបងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់អប់រំកូនចៅឱ្យខិតខំសិក្សារៀនសូត្រ ចូលរួមគោរពច្បាប់ចរាចរណ៍ ថែរក្សាអនាម័យបរិស្ថានជុំវិញផ្ទះ និងចៀសឆ្ងាយពីគ្រឿងញៀន។


ប្រជាពលរដ្ឋ ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលតែងតែគិតគូរជានិច្ចចំពោះសុខទុក្ខ និងដោះស្រាយបញ្ហាលំបាកជូនប្រជាពលរដ្ឋនៅគ្រប់ពេលវេលា។


ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានកូនចៅគ្រប់អាយុចុះឈ្មោះបោះឆ្នោតត្រូវនាំទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ខណៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់សម្រាប់ឆ្នាំ២០២៦នេះមានរយៈពេល៥៥ថ្ងៃដែលចាប់ផ្ដើមពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។


ជាមួយគ្នានេះ ឯកឧត្តម ណែនាំដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតសូមអញ្ជើញទៅពិនិត្យឈ្មោះបោះឆ្នោត និងធ្វើជីវមាត្របញ្ជីឈ្មោះបោះឆ្នោតដើម្បីការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្ដិតមេដៃ)៕


ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង





 

No comments:

Post a Comment

Pages