កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត រួមជាមួយឯកឧត្តមស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ គម្រប់ខួបទី១៤ឆ្នាំ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីរំលឹក និងសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយចំពោះព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពល ដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា នៅសាលប្រជុំសាលាខេត្ត។
ពិធីនេះ ក៏មាននិមន្ត និងអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃខេត្ត ឯកឧត្តម លោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្តមសមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អាជ្ញាធរក្រុង ស្រុក មន្ត្រីរាជការចំណុះសាលាខេត្ត លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។
នៅក្នុងពិធីនោះ ក៏មានការនិមន្តព្រះសង្ឃចម្រើននូវព្រះបរិត្ត និងសត្តប្បករណាភិធម្មបង្សុកូល ដើម្បីឧទ្ទិសថ្វាយដល់វិញ្ញាក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវិរក្សត្រ និងកិច្ចប្រោសព្រំសូមសេចក្តីសុខ សេចក្តីចម្រើនជូនដល់ថ្នាកដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តផងដែរ។
ក្រោយពីការថ្វាយគ្រឿងសក្ការៈបូជានៅចំពោះមុខព្រះឆាយាលក្ខណ៍ និងការគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ កម្មវិធីទាំងមូលបានធ្វើការសង្រួមកាយវាចាចិត្ត ឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” សូមទ្រង់បានយាងទៅកាន់ព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង




No comments:
Post a Comment