ស្នងការនគរបាលខេត្តសៀមរាប ណែនាំ និងជំរុញឱ្យគ្រប់អង្គភាព និងផែនការងារជំនាញ បន្តពង្រឹងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព - Meas Sara News

Breaking

Friday, October 23, 2026

ស្នងការនគរបាលខេត្តសៀមរាប ណែនាំ និងជំរុញឱ្យគ្រប់អង្គភាព និងផែនការងារជំនាញ បន្តពង្រឹងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព

សៀមរាប៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានណែនាំ និងជំរុញឱ្យគ្រប់អង្គភាព និងផែនការងារជំនាញ បន្តពង្រឹងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព ជាពិសេសការបង្ក្រាបក្មេងទំនើង និងការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅតាមបណ្តោយដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ, ដោយត្រូវបន្តអនុវត្តតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវ ស្មារតីសាមគ្គីភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ។


ការលើកឡើងបែបនេះ ក្នុងឱកាសដែល លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំខែតុលា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរងទាំងអស់ អង្គភាពនគរបាលការពារបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ ប្រធានមជ្ឈមណ្ឌលស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ និងលោកនាយប៉ុស្តិ៍គោលដៅការពារបេតិកភណ្ឌទាំង៦ ផងដែរ។


ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងខែតុលា ព្រមទាំងកំណត់បញ្ហាប្រឈមនានា ដើម្បីដាក់ចេញវិធានការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តតួនាទី និងភារកិច្ចរបស់កងកម្លាំងនគរបាលជាតិ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងបន្តលើកកម្ពស់គុណភាពសេវាសាធារណៈ និងប្រសិទ្ធភាពនៃការបម្រើប្រជាពលរដ្ឋ។


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប




 

No comments:

Post a Comment

Pages