នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អនុញ្ញាតឲ្យមន្ត្រីតំណាងការិយាល័យ​ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ចូលជួបសម្កែងការគួរសម និងពិភាក្សាការងារ - Meas Sara News

Breaking

Thursday, June 11, 2020

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អនុញ្ញាតឲ្យមន្ត្រីតំណាងការិយាល័យ​ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ចូលជួបសម្កែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតឲ្យលោក Pradeep Wagle តំណាងការិយាល័យឧត្តមស្នងការទទួល​​បន្ទុកសិទ្ធិ​មនុស្សប្រចាំនៅកម្ពុជា ចូលជួបសម្កែងការគួរសម និងពិភាក្សាការងារ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោក Pradeep Wagle បានលើកឡើងអំពីចំណងនៃកិច្ចសហប្រតិបត្តិការ​រវាងរដ្ឋាភិបាលកម្ពុជា និងការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែល​បានកំណត់តាមរយៈការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា។ លោក​បានលើកឡើងនូវគោលការណ៍ទប់ស្កាត់ហិង្សាហ្វូងមនុស្ស Mob Violence និងការ​ស្នើរកការបណ្តុះបណ្តាលលើកម្លាំងនគរបាលពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស។ មន្ត្រីអង្គការសហប្រជាជាតិរូបនេះ បានស្នើរកកិច្ចសហការ​ពីអគ្គស្នងការដ្ឋាន​នគរបាលជាតិ ដើម្បីការធ្វើកិច្ចការរួមគ្នាលើបញ្ហាការបណ្តុះបណ្តាលនេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងចាត់ទុកជំនួបថ្ងៃទី១០មិថុនានេះ គឺជាជំនួបដ៏សំខាន់រវាង​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ជាមួយនឹងតំណាងការិយាល័យឧត្តមស្នងការ​ទទួលបន្ទុកសិទ្ធិម​នុស្ស​ប្រចាំ​នៅកម្ពុជា និងជាការផ្លាស់ប្តូរទស្សនៈថ្មីមួយរវាងគ្នាទៅវិញទៅមក ហើយក៏ជាសារ​មួយដើម្បីបញ្ជាក់ទៅនាយកដ្ឋាន-អង្គភាព និងស្នងការរាជធានី-ខេត្តថា ថ្នាក់ដឹកនាំ​អង្គភាព​ទាំងពីរបានធ្វើការជាមួយគ្នា។ ពាក់ព័ន្ធអំពើហិង្សាហ្វូងមនុស្ស ឯកឧត្តមអគ្គស្នងការនគរបាលជាតិ បានឆ្លើយថា កម្ពុជាមិនទាន់ឃើញមាន​បញ្ហានេះធំដុំនៅឡើយទេ ប៉ុន្តែបានគាំទ្រលើការអប់រំបណ្តុះបណ្តាលនានាលើ​កងកម្លាំងនគរបាល។ ឯកឧត្តម ក៏បានស្នើរកការពិនិត្យជាមុននូវគំរោងស្នើរបស់​ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើបញ្ហាបណ្តុះបណ្តាល និងការចង់ដឹងអំពីកម្រិត និងតថភាពនៃសំណើរបាយការណ៍នោះសិន។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានលើកឡើងអំពីភាពជាក់ស្តែងពិតប្រាកដនូវកត្តាអនុវត្តច្បាប់ និងការ​គោរពសិទ្ធិសេរីភាពដែលចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ និងបានលើក​ឡើង​អំពីអំពើ​អនាធិបតេយ្យរបស់ក្រុមមួយចំនួនដែលចូលចិត្តធ្វើកិច្ចការបំពានប្រឆាំងនឹងច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ពាក់ព័ន្ធនិងការធ្វើបាតុកម្មដោយ​សន្តិវិធីបច្ចុប្បន្នមាន​ជំហរពីរខ្វែងគ្នា ភាគច្រើនគេចោទ​ថា​រាជរដ្ឋាភិបាលរឺកម្លាំងនគរបាលបិទសិទ្ធិសេរីភាព តែតាមពិតច្បាប់គឺអនុញ្ញាត​ឲ្យបញ្ចេញសិទ្ធិសេរីភាពតែត្រូវមានការស្នើសុំ និងជូនដំណឹង និងត្រូវមានការគាំទ្រ​ពីអាជ្ញាធរ មិនត្រូវធ្វើអ្វីដោយបំពានច្បាប់នោះទេ។ ឯកឧត្តម បានបញ្ជាក់ថា លើលោកនេះបើគ្មានច្បាប់គ្រប់គ្រងទេ ប្រទេសនឹងទៅជាអាណាធិបតេយ្យ ដូច្នេះទាមទារឲ្យមានការយោគយល់​ក្នុងការបញ្ចេញមតិ ចង់ធ្វើកូដកម្ម បាតុកម្ម ត្រូវតែធ្វើតាមនីតិវិធី។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ក្នុងកិច្ចពិភាក្សានោះផងដែរ នៅបានលើកឡើងអំពីសភាពការណ៍ពាក់ព័ន្ធសិទ្ធិមនុស្សនៅក្រៅប្រទេស ជាពិសេសហេតុការណ៍ដែលបាននិងកំពុងកើតឡើងនៅក្នុងសហរដ្ឋអាមេរិក ទាក់ទងនឹងការខឹងសម្បាររបស់ពលរដ្ឋក្រោយការបាត់បង់ជីវិតពលរដ្ឋស្បែកខ្មៅម្នាក់ ដែលបង្កការខឹងសម្បារធ្វើឲ្យបាតុកម្មតវ៉ាទូទាំងសហរដ្ឋអាមេរិកនោះផងដែរ។
ក្នុងជំនួបនេះដែរ ភាគីទាំងពីរនឹងបន្តសហការគ្នាគ្រប់ពេលវេលា ក្នុងករណីខាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធមនុស្ស ចង់ជួបពិភាក្សាការងារជាមួយនាយកដ្ឋានជំនាញ និងស្នងការរាជធានី-ខេត្ត អគ្គស្នងការនគរបាលជាតិ នឹងបង្កលក្ខណៈ បើកទូលាយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់ និងអង្គភាពសិទ្ធមនុស្សផងដែរ៕

ប្រភព៖ អគ្គស្នងការនគរបាលជាតិ






No comments:

Post a Comment

Pages