កំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកបសេដ្ឋបានចាប់ខ្លួននារី២នាក់ជាថៅកែហាង និងនារីម៉ាស្សា បន្ទាប់ពីមានបណ្តឹងពីបុរសម្នាក់ដែលជាភ្ញៀវថា បានបាត់លុយជាង ១.៤០០ដុល្លារ ក្រោយពេលចូលទៅម៉ាស្សានៅទីនោះ។ ដោយការឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ ២០២២នេះ នៅក្នុងភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលស្រុកបសេដ្ឋបានឱ្យដឹងថា យោងតាមបណ្តឹងរបស់ឈ្មោះ អ៊ុ សុខលី ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ បានប្រាប់ថា នៅយប់ថ្ងៃ ២៦ ខែ ឧសភា ឆ្នាំ ២០២២ វេលាម៉ោង ២.០០នាទី រំលងអធ្រាត្រ គាត់បានចូលកន្លែងម៉ាស្សាកោសជប់មួយកន្លែង ស្ថិតក្នុងភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បីម៉ាស្សា ។ គ្រានោះមាននារីម៉ាស្សាម្នាក់ឈ្មោះ កន ដាលីន អាយុ ២១ឆ្នាំ បានមកម៉ាស្សាឱ្យគាត់ ។ ពេលម៉ាស្សារួច រូបគាត់បានយកកាបូបមកដកលុយឱ្យថ្លៃម៉ាស្សាស្រាប់បាត់លុយពីក្នុងអស់ ១.៤០០ដុល្លារ ក៏សួរទៅនារីម៉ាស្សាថា បានដកយកលុយខ្លួន ឬអត់ ? ពេលនោះនារីម៉ាស្សានោះប្រកែកថា អត់ដឹង និងមិនបានយកទេ ។
មន្ត្រីនគរបាលបានបន្តទៀតថា ក្រោយទទួលបណ្តឹងពីបុរសជាជនរងគ្រោះរួច កម្លាំងជំនាញក៏បានធ្វើការឃាត់ខ្លួននារីជាម្ចាស់ហាងឈ្មោះ ស្រឿង ម៉េន អាយុ ៣៥ឆ្នាំ និងនារីម៉ាស្សាឈ្មោះ កន ដាលីន អាយុ ២១ឆ្នាំ មកសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ច នារីទាំង ២នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានរួមគំនិតគ្នាលួចយកលុយ ១.៤០០ដុល្លារ ពីកាបូបរបស់ភ្ញៀវពិតប្រាកដមែន។
បច្ចុប្បន្ន នារីទាំងពីរនាក់ខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ។ រីឯលុយ ១.៤០០ដុល្លារ ដែលនារីខាងលើលួច សមត្ថកិច្ចបានរឹបអូសយកមកវិញ ហើយក៏បានប្រគល់ឱ្យម្ចាស់វិញហើយ៕



No comments:
Post a Comment