អភិបាលរាជធានីភ្នំពេញ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ - Meas Sara News

Breaking

Tuesday, October 6, 2026

អភិបាលរាជធានីភ្នំពេញ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ

ទីក្រុងហូជីមិញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ត្រាន់ វ៉ាន់បាយ (Tran Van Bay) អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។


ក្នុងឱកាសបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃ នៅទីក្រុងហូជីមិញ ដើម្បីចូលរួមក្នុងពិធីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងការអនុវត្តគម្រោងសាងសង់ «សាលាមិត្តភាពកម្ពុជា-វៀតណាម» ឯកឧត្តម ឃួង ស្រេង បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ត្រាន់ វ៉ាន់បាយ នៅសាលាក្រុងហូជីមិញ។


នេះបើយោងតាមសេចក្ដីរាយការរបស់លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ពីទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី៦ ខែតុលា ឆឆ្នាំ២០២៦។


លោកស្រី បន្តថា ក្នុងជំនួបនេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំទីក្រុងហូជីមិញ សម្រាប់ការទទួលបដិសណ្ឋាកិច្ចបានយ៉ាងល្អប្រសើរក្នុងឱកាសដំណើរបំពេញទស្សនកិច្ចការងាររបស់គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ នៅក្នុងទីក្រុងហូជីមិញ ដ៏មានអត្ថន័យនាពេលនេះ និងបានសម្តែងនូវការអបអរសាទរ និងកោតសរសើរជូនចំពោះថ្នាក់ដឹកនាំទីក្រុងហូជីមិញទាំងអស់សម្រាប់ការអភិវឌ្ឍ និងសមិទ្ធផលថ្មីៗជាច្រើនដែលសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបានធ្វើឲ្យទីក្រុងនេះ មានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ គួរឲ្យស្ងើចសរសើរ។ 


ក្នុងនាមជាទីក្រុងសម្ព័ន្ធមេត្រីភាព ឯកឧត្តម អភិបាល ក៏បានជម្រាបជូន ឯកឧត្តម អនុប្រធាន និងសហការីអំពីស្ថានភាពការអភិវឌ្ឍរាជធានីភ្នំពេញ ដែលកើតចេញពីមនុញ្ញផលនៃសុខសន្តិភាព និងស្ថិរភាពនយោបាយ តាមរយៈការដាក់ចេញ និងអនុវត្តប្រកបដោយភាពជោគជ័យបំផុតនៃ «នយោបាយឈ្នះ-ឈ្នះ» បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍលើគ្រប់វិស័យ។


ជាការឆ្លើយតប ឯកឧត្តម ត្រាន់ វ៉ាន់បាយ បានសម្តែងការអបអរសាទរចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអនុវត្តគម្រោងសាងសង់ «សាលាមិត្តភាពកម្ពុជា-វៀតណាម» ដែលទើបបានធ្វើឡើងរវាងរដ្ឋបាលរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ។ 


ឯកឧត្តម បានបញ្ជាក់ថា ប្រសិនបើមានបញ្ហាណាមួយកើតឡើងក្នុងអំឡុងពេលអនុវត្តគម្រោង សាលាក្រុងហូជីមិញបានត្រៀមខ្លួនរួចរាល់ ដើម្បីជួយសម្របសម្រួល ធ្វើយ៉ាងណាឱ្យគម្រោងនេះអាចដំណើរការបានដោយរលូនតាមការគ្រោងទុក៕


ប្រភព ៖ រដ្ឋបាលរាជធានីភ្នំពេញ






 

No comments:

Post a Comment

Pages